សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ បុណ្យវិសាខបូជាជាពិធីបុណ្យមួយ ដ៏មានសារៈ សំខាន់ បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅកម្ពុជានោះទេ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថា ថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ជាពិធីបុណ្យវិសាខបូជា ដែលជា ពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅព្រះរាជាណា ចក្រ កម្ពុជានោះទេ។
សម្តេចប្រធានបន្តថា ថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ប្រារព្ធ ពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ដែលព្រះអង្គបានប្រសូត ត្រាស់ដឹង និងចូលនិព្វាន ចំថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែ ពិសាខ ដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ សម្តេចពញាចក្រីបានថ្លែងបញ្ជាក់ថា "អង្គការសហប្រជាជាតិ បាន ប្រកាសទទួលស្គាល់ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ កាលពីថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតរយៈពេលពីរឆ្នាំហើយ យើង មិនអាចរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះជាអធិកអធមដូចឆ្នាំមុនៗបាន"។
ជាមួយគ្នានោះដែរ សម្តេចប្រធានរដ្ឋសភាក៏សូមជនរួមជាតិបង្កើនការអនុវត្ត រាល់វិធាន ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសឡើយ ពីព្រោះយើង កំពុងស្ថិតនៅក្នុងដំណាក់កាលគំរាមកំហែងយ៉ាងខ្លាំងក្លានៅឡើយពីសត្រូវដែលគ្មានស្រមោលនោះ។ សូមបងប្អូនជនរួមជាតិបន្តអនុវត្តន៍តាមវិធានច្បាប់និងវិធានសុខាភិបាល ជាពិសេស “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា។ សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់បន្ថែមថា "ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ប្រកប ដោយស្មារតីទទួលខុសត្រូវ ក្នុងការទប់ស្កាត់កុំឱ្យសង្គមជាតិយើងមានការឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរឡើង។
យើងអត់ធ្មត់ តស៊ូលំបាកទាំងអស់គ្នា នៅក្នុងរយៈពេលខ្លីដើម្បីសេចក្តី សុខរបស់យើងជារៀងរហូតដោយនៅក្នុងពេលឆាប់ៗនេះ យើងនឹងវិលទៅរកសកម្មភាពជា ធម្មតាឡើងវិញ"។ សម្តេចប្រធានបានថ្លែងអំណរគុណ និងការកោតសរសើរជាទីបំផុត ដល់ កិច្ច ខិតខំប្រឹងប្រែងគ្មានពេលសម្រាករបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់វិស័យ ទាំង កិច្ចការពារ ថែទាំ ព្យាបាលសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការរក្សាបាននូវសន្តិសុខ សណ្តាប់ ធ្នាប់សង្គម ព្រមទាំងងសកម្មភាពមនុស្សធម៌សព្វបែបយ៉ាង ដូចជាការផ្តល់ស្បៀងអាហារ ដល់ពលរដ្ឋក្នុងគ្រាលំបាកនេះ ប្រកបដោយស្មារតីជាតិ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរៀងៗខ្លួន។
សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងបន្ដថា ក្នុងឱកាសដ៏នក្ខត្តឬក្សថ្ងៃបុណ្យវិសាខ បូជានេះ សូមឱ្យប្រជាជាតិយើងបានរួចផុតពីជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ។ សម្ដេចក៏សូម ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
No comments