ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាក់ស្លាកផែនទីបង្ហាញផ្លូវ និងកំណត់តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ !
(សៀមរាប)៖ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ បានដឹកនាំមន្ដ្រីចំនួន ៩នាក់ សហការជាមួយសមាជិកគណ:កម្មការសហគមន៍ព្រៃឈើចង្ក្រានរយ ចុះធ្វើការលើកស្លាកប៉ាណូផែនទីបង្ហាញផ្លូវនៅតំបន់អេអូទេសចរណ៍ក្នុងសហគមន៍ព្រៃឈើចង្ក្រានរយចំនួន ៣ផ្ទាំង ដោយ ១ផ្ទាំងនៅទីស្នាក់ការសហគមន៍ព្រៃឈើចង្ក្រានរយ, ១ផ្ទាំងត្រង់ផ្លូវបំបែកភូមិបាយដុតចូលទៅព្រៃសហគមន៍ និង១ផ្ទាំងទៀតស្ថិតត្រង់ផ្លូវបំបែកភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោក ម៉ុង ប៊ុនលីម បានឱ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩,១០៤ហិកតា ដែលធ្វើសកម្មភាព ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង២០១៦។ ដោយមានភ្ញៀវទេសចរទៅទស្សនាតំបន់នេះជាបន្តបន្ទាប់មិនដែលដាច់។ ដូច្នេះដើម្បីបង្កភាពងាយស្រួលភ្ញៀវទេសចរណ៍ក្នុងការទៅកម្សាន្តនៅតំបន់នីមួយៗនៅក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅសហគមន៍តែម្តង។
លោកម៉ុង ប៊ុនលីម បានបន្តថា ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះមានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើង នូវជីវភាពសហគមន៍តាមរយ: នៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាង សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។ នៅអនុស្សរណ: នៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឱ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឱ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម។
លោក ម៉ុង ប៊ុនលីម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានបំណងកាប់ទន្ទ្រានព្រៃគួរបឈ្ឍប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយ:វិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូលពីភ្ញៀវទេសចរណ៍ និងថែរក្សាព្រៃឈើយើងក៏នៅគង់វង់៕
អត្ថបទ និងរូបភាព: លោកខេង ឧត្តម កែសម្រួលដោយ: ខ្មែរម្ចាស់ស្រុក
No comments