អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនានេះ គឺ
តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថាចំពោះថ្ងៃទី២៨ ខែមិថុនានៃទិវាគម្រប់ខួប៧០ឆ្នំា របស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានាពេលនេះ បើនិយាយពីសាវតារគឺជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមគណបក្សនយោបាយនានាក្នុងព្រះនគរយើង ក៏ដូចជាក្នុងតំបន់ផងដែរ។
តាមរយ:សាវតារនេះ គណបក្សបានឆ្លងកាត់ពុះពារឧបសគ្គច្រើនរាប់មិនអស់ ក្នុងដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែររហូតឈានដល់ប្រទេសមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទនភាពដូចយើងឃើញបច្ចុប្បន្ននេះ។
បើហេតុនេះបើឈរលើសាវតារនេះ គណបក្សដែលបានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដនោះគឺ៖
១៖ ចំពោះគណប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នំា១៩៥១ កាលពី៧០ឆ្នំាមុនមកនេះ គឺមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខែ្មរ -khmer People's Revolutionnary Party» ជាចលនាតស៊ូបណ្ដេញពួកអាណានិគមនិយមបារំាងចេញពីកម្ពុជា ដោយស្របទៅតាមរាជតម្រិះសម្ដេចឪ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរជាទីគោរពសក្ការ:ដ៌ខ្ពង់ខ្ពស់បំផុតនៃយើង ដែលបានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នំា១៩៥៣ នាសម័យនោះផងដែរ។
បានសេចក្ដីថាចំពោះចលនាតស៊ូនេះយើងអាចហៅថា «ពហុចលនា» ពីព្រោះមាននិន្នាការមនោគមន៍វិជ្ជាផ្សេងៗគ្នា ប៉ុន្ដែមានទិសដៅតែមួយគឺការរំដោះប្រទេសចេញ ពីពួកអាណានិគមនិយមបារំាង។ ដោយហេតុថាចលនាតស៊ូនេះបានសហការណ៍ជាមួយបណ្ដាលចលនាតស៊ូនៃប្រទេសវៀតណាម និងលាវ ដែលមានគោលនយោបាយ បណ្ដេញពួកអាណានិគមនិយមបារំាងចេញពីប្រទេសរៀងៗខ្លួនដូចគ្នាផងដែរ។
បានន័យថានៅគ្រានោះចលនាតស៊ូនេះគឺស្របទៅតាមស្ថានភាពភូមិសាស្រ្ដនយោបាយ និងកាល:ទេសស្រុកទេស។ ម្យ៉ាងទៀតជាអ្នកភូមិផង របងជាមួយគ្នាហើយមានសត្រូវរួមនោះកិច្ចសហប្រតិបត្ដិការគឺជាការចំាបាច់ផងដែរ។
ដោយឈរលើជំហរចលនាតស៊ូនេះ បក្សប្រជាជនបដិវត្ដន៍ខ្មែរបានបង្កើតចលនាតស៊ូកងទ័ពមានឈ្មោះថា"កងកម្លំាងប្រដាប់អាវុធបដិវត្ដន៍ឯកភាពរបស់កម្ពុជា" ដែលបង្កើតទ្បើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នំា១៩៥១ នៅស្រុកស្រែអំបិល ខេត្ដកំពត ដែលមានលោក ទូ សាមុតជាមេបញ្ជាការ ។ រហូតមានកិច្ចព្រមព្រៀងទីក្រុងហ្ស៊ីណែវនាខែមិថុនា ឆ្នំា១៩៥៤ ពោល៨ខែបន្ទាប់ពីឯករាជ្យគឺចលនាតស៊ូត្រូវបានរំសាយដើម្បីឲ្យស្របតាមប្រទេសឯករាជ្យ ហើយបានប្រែទិសដៅពីការតស៊ូប្រដាប់អាវុធមកជានយោបាយវិញ។
២៖ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមដោយការទម្លាក់គ្រប់បែកពីបរទេសឈ្លានពានពីឆ្នាំ ១៩៧០-១៩៧៥ ពិសេសប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ របបប្រល័យពូជសាសន៍ពីឆ្នំា១៩៧៥-១៩៧៩ គណបក្សបានដឹកនាំការតស៊ូ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានរំដោះប្រទេសជាតិនិងសង្រ្គោះអាយុជីវិតប្រជាជនបានទាន់ពេលវេលា ដោយនាំមកនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរជូនប្រជាជនវិញ។
៣៖ អ្វីដែលសាធារណ:មតិជាតិនិងអន្ដរជាតិ ចងចំាមិនអាចបំភ្លេចបាននោះ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នំា១៩៩១ ដើម្បីដោះស្រាយបញ្ចាប់ជម្លោះរវាងខ្មែរនិងខ្មែរ ដែលជាសមិទ្ធផលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរដ៏កំពូលពីររូបគឺ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាព្រះប្រមុខតំណាងឲ្យក្រុមខ្មែរត្រីភាគីជាយដែន និងសម្ដេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលក្នុងប្រទេស។ ហើយជាពិសេសនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ បាននំាកម្ពុជាស្គាល់នូវសន្តិភាពពេញលេញទូទំាងព្រះនគរ បន្ទាប់ពីការធ្លាក់ចុះនូវអារ្យធម៌អង្គរប្រមាណ៥០០ឆ្នំាមកនេះ។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះចំពោះថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានេះយើងជាប្រជាពលរដ្ឋ គួរតែចងចាំទុកជាសាវតារជាតិ ពីព្រោះបាននំាសន្ដិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនព្រះនគរ។
ដោយឈរលើគុណតម្លៃទំាងនេះគណបក្សប្រជាជនកម្ពុជា គឺជាខ្នងបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និង ស្ថិរភាពនយោបាយ ដោយទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌គ្រប់បែបយ៉ាងដែលរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។
បើដូច្នេះខេមរជនខ្មែរត្រូវសិក្សាស្វែងយល់ប្រវត្ដិសាស្រ្ដរបស់ខ្លូនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងកុំឲ្យធ្លាក់ក្នុងសេចក្ដីវិនាសដូចអតីតកាលមុនៗទៀត ពិសេសត្រូវជៀសវាងដាច់ខាតនូវការផ្លាស់ប្ដូររបបនយោបាយ៕
No comments