អាស៊ាន និងសហរដ្ឋអាមេរិកព្រមព្រៀងគ្នាជំរុញកិច្ចពិគ្រោះយោបល់ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ
តណាម លោក Bui Thanh Son បានចូលរួមក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងជាទម្រង់និម្មិតកាលពីថ្ងៃទី ១៤ ខែកក្កដា ក្រោមការដឹកនាំដោយសហប្រធានរបស់រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ។
អាស៊ាន និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេបានយកចិត្តទុកដាក់ និងសន្យាលើកកម្ពស់ភាពជាដៃគូទ្វេភាគី ជាពិសេសនៅពេលដែលមានបញ្ហាប្រឈមធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតរបស់មនុស្ស ការអភិវឌ្ឍ សន្តិសុខ និងស្ថេរភាពរបស់បណ្តាប្រទេសនៅក្នុងតំបន់។
បណ្តាប្រទេសនៅអាស៊ានបានបញ្ជាក់នូវសារនេះជាថ្មីដល់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើការប្តេជ្ញាចិត្តយូរអង្វែងនៅក្នុងតំបន់ ដោយប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងច្បាប់អន្តរជាតិ ដោយខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ លើកកម្ពស់ការស្តារឡើងវិញ និងឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ។ពួកគេបានស្វាគមន៍ចំពោះការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកចំពោះចំណុចកណ្តាលរបស់ប្លុកនេះក្នុងការរក្សាកិច្ចសន្ទនា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងស្ថាបត្យកម្មក្នុងតំបន់ដែលមានការបើកចំហ រួមបញ្ចូលគ្នា និងផ្អែកទៅលើច្បាប់ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព។
លោក Blinken បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក បៃដិន ចំពោះពហុភាគីនិយមដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន គាំទ្រដល់ចំណុចកណ្តាលរបស់ប្លុកនេះ ហើយនឹងយកចិត្តទុកដាក់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយថាមពល និងប្រសិទ្ធភាពជាមួយអាស៊ាន ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកក៏បានស្នើនូវការតម្រង់ទិសមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន - សហរដ្ឋអាមេរិកក្នុងវិស័យនានា ដូចជាវិស័យថាមពល ការដឹកជញ្ជូន ការផ្តល់អំណាចដល់ស្ត្រី បរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ ដោយផ្អែកទៅលើការខិតខំប្រឹងប្រែងស្តារឡើងវិញ និងប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល
No comments