ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មានសភាពធ្ងន់ធ្ងរខ្លាំងនៅក្នុងប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី

ដោយ :VISALTVONLINE.COM

 


 ភ្នំពេញ:ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ កាលពីថ្ងៃទី ១៩ ខែកក្កដា ប្រទេសថៃបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១ ៧៨៤នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ នេះជាថ្ងៃទីបួនជាប់ៗគ្នាហើយដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានឈានដល់ចំនួនករណីឆ្លងថ្មីខ្ពស់បំផុតចាប់តាំងពីមានការរាលដាលជំងឺរាតត្បាតមក។

ប្រទេសថៃក៏បានរាយការណ៍ផងដែរថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៨១នាក់បន្ថែមទៀត។ រហូតមកដល់បច្ចុប្បន្ន ប្រទេសនេះមានអ្នកឆ្លងសរុបចំនួន ៤១៥ ១៧០នាក់ និងមានអ្នកស្លាប់សរុបចំនួន ៣ ៤២២នាក់។

ការស្ទង់មតិយោបល់មួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Suan Dusit Rajabhat ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែកក្កដា បានបង្ហាញថា ប្រជាជនថៃភាគច្រើនគិតថា ស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានសភាពធ្ងន់ធ្ងរខ្លាំង ហើយវាត្រូវការពេល ២ឆ្នាំដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងវិញ។

ទាក់ទងនឹងភាពធ្ងន់ធ្ងរខ្លាំងនៃស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ មាន ៦០,៩៣ភាគរយនៃអ្នកឆ្លើយសំណួរចាត់ទុកថាមានសភាពធ្ងន់ធ្ងរខ្លាំង ២៤,១២ភាគរយនិយាយថាវាធ្ងន់ធ្ងរ ហើយ ១៤,៩៥ភាគរយនិយាយថាវាធ្ងន់ធ្ងរតិចតួច។

នៅពេលដែលត្រូវបានគេសួរថា តើត្រូវការរយៈពេលប៉ុន្មានសម្រាប់ប្រទេសថៃដើម្បីជំនះវិបត្តិសេដ្ឋកិច្ច អ្នកឆ្លើយសំណួរចំនួន ៣៦,៧៤ភាគរយបាននិយាយថាវានឹងចំណាយពេលច្រើនជាងពីរឆ្នាំ ២៧,៦០ភាគរយបាននិយាយថាវាចំណាយពេលមួយឆ្នាំ ហើយ ៩,៧៣ភាគរយបាននិយាយថាវាចំណាយពេល ៦ខែ។

នៅក្នុងប្រទេសសិង្ហបុរី ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសមនុស្សវ័យចំណាស់ ត្រូវតែស្នាក់នៅតែក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ចំពេលដែលមានក្តីបារម្ភកាន់តែខ្លាំងឡើងអំពីរលកថ្មីនៃការឆ្លងក្នុងសហគមន៍។

ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៨ ខែកក្កដាបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨៨នាក់ ដោយមានការកើនឡើងនៃការឆ្លងដែលទាក់ទងនឹងបារ៍ ខារ៉ាអូខេ និងកំពង់ផែនេសាទ Jurong ។

ប្រជាជនសិង្ហបុរីប្រមាណ ៧៣ភាគរយបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយរដ្ឋាភិបាលកំពុងបង្កើនការចាក់វ៉ាក់សាំងសម្រាប់មនុស្សវ័យចំណាស់។

នៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានអនុម័តទោលើការនាំចូល និងចែកចាយឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ ពីរប្រភេទ ដែលត្រូវបានដាក់លក់នៅតាមឱសថស្ថាន សហគមន៍ ឬមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលបានចុះបញ្ជី។

ឧបករណ៍ទាំងនោះរួមមាន ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ Salixium ដែលផលិតដោយក្រុមហ៊ុន Reszon Diagnostic (ម៉ាឡេស៊ី) និងឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ Gmate របស់ក្រុមហ៊ុន Philosys (សាធារណរដ្ឋកូរ៉េ)៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

No comments