សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះធ្វើចក្តាឡីស័ក នៅក្រុងព្រះសីហនុចំនួន ៥៨គ្រួសារ
ព្រះសីហនុ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ ចុះសួរ សុខទុក្ខនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ
លោកបានណែនាំ និងធ្វើការអប់រំផ្សព្វផ្សាយពីហានិភ័យនៃការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ ប្រសិនបើយើងទាំងអស់គ្នាមិនបានចូលរួមសហការអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងការណែនាំ ៣.កុំ និង ៣.ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាខ្លួនយើង ក្រុមគ្រួសារយើងមិនមានការឆ្លងជំងឺកូវីដ- ១៩។
ទន្ទឹមនេះ ត្រូវចូលរួមអនុវត្តន៍ ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ការរស់នៅដោយធ្វើអនាម័យជាប់ជាប្រចាំ និងលាងសម្ងាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច ពិសេសវិធានការណ៍រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍យើងទាំងអស់គ្នា។
លោកនាយកសាខាក៏បានលើកឡើងដែរថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវរស់នៅតាមបែបគន្លងថ្មីក្នុងការចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍ ។ សូមបញ្ជាក់ថា អំណោយដែលសាខាកាក បាទក្រហមកម្ពុជា ខេត្តចែកជូនប្រជាពលរដ្ឋដែលធ្វើចក្តាឡីស័កក្នុងក្រុងព្រះសីហនុចំនួន ៥៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស ប្រេងឆា ១ដប និងម៉ាស ១ប្រអប់ ៕
ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ ដារ៉ា
No comments