អាជ្ញាធរខេត្តប៉ៃលិន សម្រុកចាក់បេតុងផ្លូវឡើងទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពេលបញ្ចប់បញ្ហាវិបតិ្តជំងឺកូវីដ ១៩
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសល់ពេលតែជិត១ខែទៀតប៉ុណ្ណោះ រដូវបុណ្យភ្ជុំបិណ្ឌ នឹងឈានចូលមកដល់ ទោះបីជាបញ្ហាវិបត្តិជំងឺកូវីដ ១៩ ប្រភេទថ្មី ដែលតា កំពុងឆ្លងរាលដាលចូលមកដល់ក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តមួយចំនួនដែលនៅជាប់នឹងតំបន់ព្រំដែនប្រទេសជិតខាង ដើម្បីការពារកុំឱ្យឆ្លងរាលដាលកាន់តែខ្លាំងចូលក្នុងសហគមន៍ ។ តែសម្រាប់ខេត្តប៉ៃលិន អាជ្ញាធរខេត្ត កំពុងតែសម្រុកធ្វើផ្លូវបេតុងឡើងទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ឱ្យរួចរាល់ទាន់ពេលវេលា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងខេត្ត ជាពិសេសពេលចប់បញ្ហាកូវីដ ១៩ អាចនឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលទៅលេងកំសាន្តយ៉ាងសប្បាយរីករាយនាពេលបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ផងដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ មានចំងាយពីក្រុង ប៉ៃលិន ប្រមាណ៧ទៅ៨គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងត្បូង ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ខេត្តប៉ៃលិន ដែលជារមណីយដ្ឋានល្អជាងគេបំផុតនៅក្នុងខេត្ត អមទៅដោយព្រៃព្រឹក្សាដុះ លូតលាស់យ៉ាងខៀវខ្ចីនៅសងខាងផ្លូវ ។ ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ពេលចូលទៅដល់ក្បែរកន្លែងទឹកជ្រោះ គេឮសម្លេងសត្វរៃកណ្តឹងយំត្រសងប្រដេញគ្នាចុះឡើងៗ ដូចជាសម្លេងនៃភ្លេងដូរតន្រ្តីអ្វីម្យ៉ាង អាចបំពេរអារម្មណ៍អ្នកស្តាប់ឱ្យនឹកឃើញពីអតីតកាល ។ លើសពីនេះ នៅពេលស្ងាត់មនុស្សម្នា គេសង្កេតឃើញសត្វស្វាញីឈ្មោល តែងចុះពីលើដើមឈើ មកប្រលែងគ្នានៅក្បែរដងផ្លូវទាំងហ្វូង ព្រោះមានដើមឈើច្រើនជាទីជម្រកសម្រាប់សត្វស្វានិងសត្វផ្សេងៗ ។ ម្យ៉ាងវិញទៀត ពេលភ្ញៀវទេសចរណ៍ នាំគ្នាធ្វើដំណើរចូលទៅលេងកម្សាន្តនាពេលព្រឹក តែងឮសម្លេងសត្វបក្សី (តាវ៉ៅ) សត្វសេក និងសត្វចាប ស្រែកយំកងរំពងពេញព្រៃ ដូចមនុស្សជួបជុំក្រុមគ្រួសារក្នុងសហគមន៍ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតនោះ គឺទឹកជ្រោះជាន់ទី៧ ដែលហូរធ្លាក់មកពីលើកំពូ លភ្នំខៀវ ចុះមកតាមដងអូរ លាន់ឮសូរសម្លេងឥតដាច់ ខណ:ពេលភ្ញៀវទេសចរណ៍ចុះងូតទឹកលេង ធ្វើឱ្យត្រជាក់កាយសប្បាយក្នុងចិត្ត បំបាត់អស់ទុក្ខកង្វល់ បង្កើតនូវអារម្មណ៍ភ្លឺថ្លា ជាពិសេសបំបាត់ ស្ត្រេស ខណពេលបំពេញការងារច្រើនផងដែរ ។
បើតាមប្រភពព័ត៌មានពីមេការធ្វើផ្លូវបេតុងម្នាក់បានឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ៖ ផ្លូវបេតុងចាប់ពីខ្លោងទ្វាររមណីយដ្ឋាន រហូតដល់កន្លែងលេងទឹកជ្រោះ មានចំងាយប្រមាណជ២គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំដោយលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រៀបចំចាក់បេតុងមានទទឹងប្រវែង៦ម៉ែត្រ ហើយប្រហែលជាជិត១ខែ ទៀតអាចនឹងរួចរាល់ ដែលញ៉ាំងឱ្យភ្ញៀវទេសចរណ៍ធ្វើដំណើរទៅលេងកំសាន្តមិនបារម្ភខ្លាចរអិល ឬបែកកង់ម៉ូតូ ឬរថយន្ត ដោយសារមុតនឹងក្បាលថ្មនោះឡើយ ។ ប្រភពបន្តទៀតថា នៅពេលចប់វិបត្តិជំងឺកូវីដ១៩ ធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ នឹងមានភ្ញៀវចូលទៅលេងកំសាន្តច្រើនជាងគេ ព្រោះមានកន្លែងធំទូលាយ ទេសភាពស្រស់ស្អាត គួរឱ្យចង់គយគន់ ព្រោះអាជ្ញាធរខេត្តនឹងរៀបចំដាំផ្កា នៅតាមសងខាងផ្លូវ តុបតែងធ្វើខ្យុស ព្រមទាំងគ្រោងរៀបចំសាងសង់ផ្ទះលំហែកាយនៅក្បែររមណីយដ្ឋានខាងលើផងដែរ ៕ ដោយ ៖ នាក់ ង៉យ
No comments