ធ្លាប់ជាប់គុក០២ដង មិនរាង លុះដល់ពេលចេញមកវិញ ចូលលួចទូរស័ព្ទក្នុងវត្ត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារម្តងទៀត
ខេត្តប៉ៃលិន ៖ ជនសង្ស័យចំនួន០២នាក់ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារ០២ដងរួចទៅហើយ ដោយសារករណីហិង្សា និងការប្រើប្រាស់ ជួញដូរគ្រឿងញៀនខុសច្បាប់ លុះចេញមកវិញ ត្រូវបាននគរបាលក្រុងប៉ៃលិន ចាប់ឃាត់ខ្លួនបញ្ជូនទៅដាក់គុកម្តងទៀត ដោយសារចូលលួចទូរស័ព្ទដៃព្រះសង្ឃនៅក្នុងវត្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅក្នុងវត្តពោធិមារាម ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ខណៈដែលព្រះសង្ឃបាត់ទូរស័ព្ទ០៣គ្រឿង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះមាន ព្រះនាម ម៉ែន សំណាង ជន្មាយុ១១ព្រះវស្សា គង់នៅក្នុងវត្ត នៅភូមិ/ឃុំខាងលើ ។
ប្រភពបន្តទៀតថា ក្រោយពីទទួលពាក្យបណ្តឹងភ្លាម នគរបាលយុត្តិធម៌ នៃអធិការដ្ឋាន.ក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យ០២នាក់មានឈ្មោះដូចខាងក្រោម៖
ទី១- ឈ្មោះ រិះ រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅប៉ាហ៉ីត្បូង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន មុខសញ្ញាទើបចេញពីពន្ធនាគា (ជាប់ពន្ធនាគារ២លេីក ករណីហិង្សាបង្ករបួសស្នាម០១លើក និងករណីចែកចាយ ប្រេីប្រាស់គ្រឿងញៀន០១លើក) មានផ្ទុកសារធាតុញៀន ។ ទី២- ឈ្មោះ បិន គុណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំជាមួយគ្នា (ឆែកឆេរឃើញថ្នាំញៀន០១កញ្ចប់នៅនឹងខ្លួន និងមានផ្ទុកសារធាតុញៀន) ។
ប្រភពដដែលបានបញ្ជាក់ថា ៖
វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដែលបានបាត់០៣គ្រឿង (ម៉ាកoppo ០១គ្រឿង Samsung ០១គ្រឿង Vivo ០១គ្រឿង) ។ ថ្នាំញៀន០១កញ្ចប់ និងដែកកែស០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីកសាងសណនុំរឿងបញ្ជួនទៅតុលាការអនុវត្តតាមនីតិវិធីបន្ត ៕ ដោយ ៖ខ្មែរម្ចាស់ស្រុក
No comments