អភិបាលខេត្តប៉ៃលិន ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់កុមារអាយុ០៥ឆ្នាំ
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោ កជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុ០៥ឆ្នាំ ក្នុងភូមិសាស្ត្រប៉ៃលិន ដែលមានទីតាំងសម្រាប់ការផ្ដល់វ៉ាក់សាំង នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាពផ្សារព្រំ និងមណ្ឌលសុខភាព ភ្នំព្រាល។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ជាពិសេសនោះវីរុសបំលែងថ្មី ដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្តផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ចៅៗ ដែលមានអាយុ០៥ឆ្នាំ ។
ក្នុងឱកាសនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ ឪពុកម្តាយ កុមារតូចៗ បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពល រដ្ឋបានល្អ ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១ កន្លងទៅថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជាគឺមានយន្តការ៥ធំៗ ក្នុងនោះទី១. គឺអភិបាលកិច្ចល្អ ទី២. មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣. មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤. មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥. ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី៣១ ខេតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ចាប់ពីអាយុ១៨ឡើងទៅ បានចាក់វ៉ាក់សាំងដូសទី១ ចំនួន៥០,៤១៤នាក់ ស្មើ ១២២,៩៧% និងដូសទី២ ចំនួន ៤៩,៥៣២នាក់ ស្មើ ១២០,៨២% ។ កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី១ ចំនួន៩,២៦៦នាក់ ស្មើ ៩២,៥៨% និងដូសទី២, ចំនួន៩,០០៦នាក់ ស្មើ៨៩,៩៨% ។ កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ ក្រោម១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី១ ចំនួន៩,៧៦២នាក់ ស្មើ១០២,៦៦នាក់ និងដូសទី២ ចំនួន ៩,៣៩៧នាក់ ស្មើ ៩៨,៨២នាក់ ។ ចំណែកក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលឯកជន បុគ្គលិកសុខាភិ បាលស្ម័គ្រចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា កងកម្លាំងជួរមុខទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញចំនួន២,៩៣៦នាក់ ៕ ដោយ ៖ប៉ៃលិន
No comments