ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

ក្រសួងសាធារណការពន្យារពេលដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣

ដោយ :VISALTVONLINE.COM

 

  

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលើកពេលការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅដល់ទីរួមខេត្តកំពត ខណៈក្នុងផែនការ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែមករា ឆ្នាំ ២០២២ខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ក្រសួងសម្រេចពន្យារពេលនៃការដាក់ឱ្យដំណើរការសាកល្បង កាមេរ៉ាចាប់ល្បឿននេះ ដោយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង ចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់។

កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ បាននិងកំពុងរៀបចំបច្ចេកវិទ្យា ដើម្បីតាមដានការបើកបររបស់ប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាម នៅតាមគោលដៅកំណត់ល្បឿនចរាចរណ៍។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានបញ្ជាក់ឱ្យដឹងថា កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ត្រូវបានដំឡើងនៅលើផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់ទីរួមខេត្តកំពត ដែលក្នុងនោះពីចោមចៅដល់បែកគូស ដែលផ្លូវមាន៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ដែលជាផ្លូវ មាន២គន្លង មានចំនួន៦ទីតាំង។ កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខ រថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយការបំពាក់កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរ៕


No comments