តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចាត់ទុកថា វគ្គអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូនឹងជួយអភិវឌ្ឍន៍នៅ ស៊ីហ្គេម ២០២៣
ភ្នំំំំពេញញ :ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១
លោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP & ACE កម្ពុជា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ (WT) តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានចាត់ទុកថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិ នឹងអាចក្លាយខ្លួនទៅជាអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
តំណាងប្រធានសហព័ន្ធរូបនេះបានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះនឹងជួយអភិវឌ្ឍន៍ដល់វិស័យកីឡាតេក្វាន់ដូ WT នៅកម្ពុជាឱ្យរីកចម្រើនទៅមុខបន្តទៀត។ ការរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ នាពេលនេះគោលដៅចង់ឱ្យប្អូនៗយកទៅបម្រើឱ្យការប្រកួតកីឡាតេក្វាន់ដូ WT ក្នុងប្រទេស និងឆ្ពោះទៅធ្វើជាអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់កម្មវិធីប្រកួតកីឡាតេក្វាន់ដូនានា លើឆាកអន្តរជាតិ ពិសេសសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានលើកឡើងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្ត សរុបចំនួន ២០នាក់ (ស្រី៨នាក់) ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន ៤នាក់ ស្រី ១នាក់, ខេត្តសៀមរាបចំនួន៣នាក់, ខេត្តមណ្ឌលគិរីចំនួន១នាក់, និងរាជធានីភ្នំពេញចំនួន ១២នាក់ ស្រី ០៧នាក់។
ឯកឧត្តមអគ្គលេខាធិការបន្តថា វគ្គនេះអាចដំណើរការទៅបានដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១ ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលនូវបទពិសោធន៍ជាច្រើនទៀតពីគ្រូបង្គោលជាអាជ្ញាកណ្តាលអន្តរជាតិ ក្នុងការត្រៀមខ្លួនឱ្យក្លាយជាអាជ្ញាកណ្តាលអន្តរជាតិបន្តវេនជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹមសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ជាលទ្ធផលប្រឡងបញ្ចប់វគ្គ អាជ្ញាកណ្តាល-ចៅក្រមទទួលបាននិទ្ទេសល្អ ៣នាក់ស្មើ១៥ភាគរយ, ល្អបង្គួរ ១០នាក់ (ស្រី៦នាក់) ស្មើ៥០ភាគរយ, និងមធ្យម ៧នាក់ (ស្រីម្នាក់) ស្មើ៣៥ភាគរយ។ ក្នុងឱកាសបិទវគ្គនេះក៏មានការចូលរួមពីលោក ទុយ វិច្ឆិកា ប្រធានការិយាកីឡាទំនើបតំណាងលោក ហ៊ុន សាមុត នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សុខ ធីតា តំណាងសាលា ACE សាខាចាក់អង្រែក្រោមផងដែរ៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ dara
No comments