សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បី ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ
ភ្នំពេញ :ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន នាព្រឹក ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី(វិមានសន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ រួមមាន ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និង ទី២.បញ្ហាផ្សេងៗ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹងនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយបានសរសេរថា សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែក លើគោល នយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង និងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។
ឯកឧត្ដមបានបន្ដថា គោលបំណងសេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិនិងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ DARA
No comments