អាងខ្លួនជាកូនអ្នកមានស្តុកស្តមក្នុងក្រុងប៉ៃលិន បើករថយន្តលឿនដូចហោះវ៉ាជែងទៅបុកម៉ូតូ២គ្រឿងរងរបួសធ្ងន់ស្រាល០២នាក់
ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាកូនអ្នកមានស្តុកស្តមនៅក្នុងក្រុងប៉ៃលិន ជាម្ចាស់ស្តង់ពោតដំឡូងមី (ស្តង់តាអឿង) បានបើកបររថយន្តក្នុងល្បឿនលឿនដូចហោះវ៉ាជែងត្រង់ផ្លូវមានស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង ដែលបើកច្រាសទិសគ្នារងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៥៥នាទី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ អ្នកបើកបររថយន្ដឈ្មោះ សារ ឈុនវង្សវឌ្ឍនៈ ភេទប្រុស អាយុ៣១ឆ្នាំ ជាកូនអ្នកមានម្នាក់ ក្នុងក្រុងប៉ៃលិន រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន ខេត្តប៉ៃលិន គ្មានរបួស ដោយបើកបររថយន្ត ម៉ាកតូយ៉ូតារ៉េវ៉ូ (TOYOTA REVO) ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន2B 2168។ ចំណែកជនរងគ្រោះទី១. ឈ្មោះ ប៊ុន ផែន ភេទ ប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនរងគ្រោះទី២. ឈ្មោ សឹម ថានិត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានបើកបររថយន្តដឹកមិត្តភក្តិក្នុងទិសដៅពីកើតទៅលិច ចំកណ្តាលក្រុងប៉ៃលិន ក្នុងល្បឿនយ៉ាងលឿន ហើយក៏វ៉ាជែងរថយន្តដទៃទៀត ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឱ្យជ្រុលចង្កូត ទៅបុកនឹងម៉ូតូជនរងគ្រោះទាំងពីរគ្រឿងយ៉ាងពេញទំហឹង បណ្តាលឱ្យដួលប្រាវតែម្តង ស្របពេលដែលម៉ូតូ និងរថយន្តប្រជាពលរដ្ឋកំពុងបើកបរយ៉ាងមមាញឹកនៅតាមដងផ្លូវ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយធ្វើការវាស់វែង កម្លាំងនគរបាលជំនាញ បានយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយ។ ហើយបុរសខាងលើ តែងតែបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរតាមដងផ្លូវជាញឹកញយមកហើយ ដោយអាងតែខ្លួនមានលុយកាក់ច្រើន បង់លុយរួចក៏បញ្ចប់បញ្ហាយ៉ាងរលូន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ខណ:ពេលដែលបើកបរក្បែរបុរសខាងលើម្តងៗ៕ ដោយ ៖ នាក់ ង៉យ
No comments