ចាងហហ្វាង១រូប ប្ដឹងហាង Mode Storeទៅគយដើម្បីចាត់វិធានការ
(ភ្នំពេញ)៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាងហ្វាង១រូប បានដាក់ពាក្យបណ្ដឹងមួយ គោរពជូនឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូឣមនាយករដ្ឋមន្ត្រី ឣគ្គនាយកនៃឣគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសំណើរសុំប្ដឹងលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាងMode Store មានទីតាំងស្ថិតនៅផ្ទះលេខៈ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងក្រុមហ៊ុន សូលីឌឹស ម៉ាឃីធីង មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ៣៣១-៣៣២ ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សឿម ណារិន ពាក់ព័ន្ធនឹងករណីគេចវេសពន្ធគយយ៉ាងធ្ងន់ធ្ងរ ក្លែងបន្លំឯកសារ និងការសំអាតប្រាក់។
ក្នុងបណ្ដឹងនោះបានឲ្យដឹងទៀតថា៖ យោងតាមប្រភពព័ត៌មានហាង Mode Store មានទំនិញប្រមាណជាង១០០មុខដែលផលិតផលមួយមុខៗមានតម្លៃរាប់ពាន់ដុល្លារសហដ្ឋអាមេរិក ហើយផលិតផលដែលចែកចាយ និងផ្សព្វផ្សាយលក់តាមអនឡាញទាំងនោះ ត្រូវបាននាំចូលពីបរទេសសុទ្ធតែជាម៉ាកល្បីៗ ពេញនិយមពាសពេញពិភពលោក ដោយមានការសង្ស័យក្នុងការនាំចូលទំនិញរបស់ហាង Mode Store ឃើញថា ផលិតផលទាំងនោះនាំចូលមកតម្លៃទាប ជាងទីផ្សារជាក់ស្ដែង ហើយនៅពេលដែលដាក់លក់ គឺលក់ក្នុងតម្លៃថ្លៃក្នុងទីផ្សារ។ ជុំវិញភាពករណីនេះវាហាក់បីមានភាពខុសប្រក្រតី ដោយអ្នកនាំចូលអាចទម្លាក់តម្លៃផលិតផលដែលនាំចូលអោយទាបជាងទីផ្សារ ដើម្បីបង់ពន្ធនាំចូលទាប ហើយនៅពេលដែលដាក់លក់ក្នុងទីផ្សារខ្ពស់ដើម្បីយកចំណេញទ្វេរដង។
បណ្ដឹងដដែលបានបន្ថែមទៀតថា៖ យោងតាមប្រភពវិក័យបត្ររបស់ហាង Mode Store គឺទិញចូលក្នុងតំលៃធូថ្លៃ ហើយលក់ចេញក្នុងតំលៃខ្ពស់កប់ពពក បែរជាប្រកាស់ពន្ធជូនរដ្ឋវិញ តំលៃ នាំចូលចន្លោះ ពី ១០ដុល្លា ទៅ ១០០ដុល្លាតែប៉ុណ្ណោះ ជាពិសេសទៅទៀតនោះគឺ មុខទំនិញដែល ហាង Mode Store ទិញមកនោះគឺមិនមែនជាទំនិញដែល Original ពីក្រុមហ៊ុនដើមឡើយ។ ភាពមិនប្រក្រតីរបស់ហាងMode Store ដែលមានឈ្មោះ ខេង ពិទូពុធធីតា អាចក្លែងរបាយការណ៍ដើម្បីកេងចំណេញពីការបង់ពន្ធនាំចូល និង សារពើពន្ធជូនរដ្ឋ ព្រមទាំងអាចធ្វើការបោកប្រាស់ប្រជាពលរដ្ឋដែលមិនដឹងអំពីស្ថានភាពនៃអាជីវកម្មបោកបន្លំភ្នែកកម្រិតខ្ពស់នៃផលិតផលនីមួយៗទៀតផង អំពើនេះក៏ជាការអនុវត្តមិនសុច្ចរិតនឹងទំនិញដោយហេតុ ការបន្លំ ឬអះអាងមិនពិត នៃគុណភាព បរិមាណនិងភាពស្របច្បាប់របស់ផលិតផលផងដែរ។
ជុំវិញបញ្ហានេះមហាជនជាច្រើនបានដាក់ការសង្ស័យថា តើហាង Mode Store ដែលមានឈ្មោះ ខេង ពិទូពុធធីតា បានទូទាត់ ឬបង់ពន្ធជូនរដ្ឋត្រឹមត្រូវដែរ ឬយ៉ាងណា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះរហូតមកទល់បច្ចុប្បន្ន?តើឈ្មោះ ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store បានបង់ពន្ធនាំចូលត្រឹមត្រូវដែរឬ?តើប្រាក់ចំណេញដែលកើតចេញពីស្ថានភាព នៃការគេចវេស ឬគៃបំបាត់ពន្ធរដ្ឋ បូករួមទាំងផលដែលកើតចេញពីអំពើមិនសុច្ចរិតក្នុងពាណិជ្ជកម្មផងនោះ ឬអាចហៅថាជាលុយខ្មៅដែរទេ?
ទោះបីយ៉ាងណាចម្ងល់របស់មហាជនខាងលើនេះ មានតែក្រសួងស្ថាប័នពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ជាពិសេសឧត្តមបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូឣមនាយករដ្ឋមន្ត្រី ឣគ្គនាយកនៃឣគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប៉ុណ្ណោះដែលអាចស្វែងរកការពិតជូនមហាជនបាន ។
ក្នុងសំណុំរឿងនេះ មហាជនសំណូមពរដល់ ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមបណ្ឌិត គុណ ញឹម ចុះធ្វើអធិការកិច្ច និងចាត់វិធានការយ៉ាងរឹងបំផុតចំពោះឈ្មោះ ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store និង ឈ្មោះ សឿម ណារិន អគ្គនាយកក្រុមហ៊ុន សូលីឌឹស ម៉ាឃីធីង ពីព្រោះថាការគេចវេសមិនបង់ពន្ធ និងការលាងសំអាតប្រាក់ គឺជាបទល្មើសកម្រិតធ្ងន់ វាពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចជាតិទាំងស្រុង ដល់ចំណូលរបស់រដ្ឋទាំងមូលដោយត្រូវបានពឹងផ្អែកមួយផ្នែកធំទៅលើការប្រមូលពន្ធនាំចូល និងការប្រកាសពន្ធលើអាជីវកម្មក្នុងស្រុក ប៉ុន្តែប្រសិនបើក្រុមហ៊ុនអាជីវកម្ម ឬបុគ្គលដែលច្បាប់កំណត់ថាជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ បែរជាគេចពន្ធ នោះធ្វើអោយរដ្ឋបាត់បង់ចំណូល ដែលវាបណ្ដាលអោយដំណើរការប្រព្រឹត្តទៅរបស់រដ្ឋត្រូវធ្លាក់ចុះ ហើយរាំងស្ទះការភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍន៍ផ្សេងៗទៀត ត្រូវបានកាត់បន្ថយ។ ចំណុចនេះផងដែរ អំពើខាងលើទៀតសោធន៍ ក៏ជាការប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការប្រមូលពន្ធ និងទប់ស្កាត់ការលាងសំអាតប្រាក់៕
No comments