បង្រ្កាបករណីល្បែងស៊ីសងកន្ទុយលេខឆ្នោត ស្ងប់ស្ងាត់មួយចំអិនកំពិស ស្រាប់តែបើកលេងយ៉ាងគគ្រឹកគគ្រេងវិញ ទើបសមត្ថកិច្ចបន្តឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តប៉ៃលិន ៖ ក្រោយពីមានការចុះបង្ក្រាបយ៉ាងកក្រើកមួយរយ:ពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមេកន្ទុយលេខឆ្នោតនៅទូទាំងខេត្តប៉ៃលិនហាក់ដូចជាស្ងប់ស្ងាត់បន្តិច ប្រហែលជាមួយចំអិនកំពិស លុះមានការបើកលេងវិញយ៉ាងគគ្រឹកគគ្រេង ដូចផ្សារត្រី ទើបអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាឱ្យនគរបាលនៃអធិការក្រុងប៉ៃលិន ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងកត់កន្ទុយលេខ(ឆ្នោត) សារថ្មី ដោយនាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០៣នាក់(ស្រី) បញ្ជូនទៅតុលាការខេត្ត។
ហេតុការណ៍ចុះបង្រ្កាបករណីល្បែងស៊ីសងកន្ទុយលេខឆ្នោតនេះ បានធ្វើឡើងនៅវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅបីទីតាំងក្នុងសង្កាត់ប៉ៃលិន
ប្រភពព័ត៌មានពីនគរបាលបានបង្ហើបឱ្យដឹងថា៖ ទី១. នៅចំណុចផ្សារជាងអូន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០២នាក់ ទី១. ឈ្មោះ ឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខាងលើ ដោយដកហូតបានវត្ថុតាង សៀវភៅកត់កន្ទុយលេខឆ្នោតចំនួន០៧ក្បាល ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង បន្ទាត់០២ដើម ប៊ិច០៣ដើម ប្រាក់ថៃ១,០០០បាត ប្រាក់ខ្មែរ១១០,០០០រៀល និងប្រាក់ដុល្លារ២១ដុល្លារអារមេរិក។ ទី២. ឈ្មោះ យឹម ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដកហូតវត្ថុតាង សៀវភៅកត់កន្ទុយលេខឆ្នោត០២ក្បាល ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក អុបប៉ូ (oppo) ប៊ិច០៣ដើម បន្ទាត់០១ដើម ប្រាក់ខ្មែរចំនួន ៦៦,០០០រៀល។
ប្រភពបន្តទៀតថា នៅចំណុចផ្សារអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខឆ្នោតម្នាក់ ឈ្មោះ ឌឿក រំដួល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង សៀវភៅកត់កន្ទុយលេខឆ្នោត០៣ក្បាល ប្រាក់ថៃចំនួន១,០៧០បាត ប្រាក់ខ្មែរចំនួន១០៥,០០០រៀល ក្រដាសផ្តាន០១សន្លឹក ។ ប្រភពបញ្ជាក់ថា សរុបនៃការដកហូតរួមមាន សៀវភៅកត់ឆ្នោតចំនួន១២ក្បាល ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង បន្ទាត់ចំនួន០៣ដើម និង ប៊ិចចំនួន០៦ដើម ក្រដាសផ្តាន០១សន្លឹក ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង ប្រាក់ថៃចំនួន ២,០៧០បាត ប្រាក់ខ្មែរ ២៨១,០០០រៀល និងប្រាក់ដុល្លា២១ដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ អ្នកកត់កន្ទុយលេខឆ្នោតទាំងបីនាក់ខាងលើ ត្រូវនគរបាលកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយ ៖ នាក់ ង៉យ
No comments