ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល
ខេត្តកណ្ដាល៖ ក្រុមប្រឹក្សាឃុំកោះឧកញ៉ាតី ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំកោះឧកញ៉ាតី។
ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
ទន្ទឹមនឹងនោះក្រុមប្រឹក្សាឃុំកោះឧកញ៉ាតី អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ដែលមាន លក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖
១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព
៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៩៩៥ប្រក ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំកោះឧកញ៉ាតី ដូចមានរាយនាមខាងក្រោម៖
១- លោក ម៉ៅ សេង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ
២- លោក ផៃ សម្បត្តិ ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១
៣- លោកស្រី យឿន ចរិយា ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២
៤- លោក កើត ហុក ជាសមាជិកក្រុមប្រឹក្សាឃុំ
៥- លោក នូ សារ៉ុម ជាសមាជិកក្រុមប្រឹក្សាឃុំ។
No comments