កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សម្រេចបានលទ្ធផលផ្លែផ្កា៣សំខាន់ៗ
ភ្នំពេញ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលមានប្រតិភូជាសមាជិកចូលរួមទាំងអស់១១ប្រទេស នៅល្ងាចថ្ងៃ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ សម្រេចបាននូវលទ្ធផលផ្លែផ្កាធំៗចំនួន៣។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំ នៅសណ្ឋាគារ សុខាភ្នំពេញ។ គោលដៅ
ចំនួន៣សំខាន់ៗ ដែលសម្រេចបានជាផ្លែផ្កានេះ រួមមាន៖ ទី១-លើការកំណត់ប្រភេទកីឡា ដោយកំណត់៤២ប្រភេទកីឡា ក្នុងនោះប្រភេទកីឡាសម្ដែង គេហៅថា Demonstration Sports ១ប្រភេទ ដែលយើងត្រូវបានធ្វើការសម្រេច និងសម្របសម្រួលគ្នា ក្នុងការដាក់ចូលក្នុងការប្រកួត យើងបានសម្រេចអស់ហើយ។ នៅសល់តែ ១ ឬ ២ប្រភេទកីឡាប៉ុណ្ណោះ ដែលប្រទេសផ្សេងៗគេស្នើសុំ ប៉ុន្តែមិនត្រូវគេមិនដាក់កំហិតលើការស្នើសុំនោះទេ ដោយគេគ្រាន់តែស្នើសុំឱ្យយើងពិចារណាប៉ុណ្ណោះ។ ជារួមក្នុងការកំណត់ប្រភេទកីឡា យើងចាត់ទុកថា ទទួលបានការគាំទ្រពីគណៈកម្មការប្រតិបត្តិអស់ហើយ។ ទី២-អ្វីដែលយើងចង់កែប្រែមាត្រាខ្លះ នៃធម្មនុញ្ញស៊ីហ្គេម គឺយើងទទួលបានជោគជ័យទាំងអស់ ហើយប្រទេសទាំងអស់ក៏គាំទ្រដែរ ពិសេសគាំទ្រឱ្យកម្ពុជាលក់សិទ្ធិទូរទស្សន៍យ៉ាងទូលំទូលាយ មិនដូចការលក់សិទ្ធិ
ទូរទស្សន៍ ដូចពេលមុននោះទេ។ ការលក់សិទ្ធិទូរទស្សន៍ ក្នុងមួយប្រទេសអនុញ្ញាតឱ្យតែ១ ឬក៏លក់សិទ្ធិទូរទស្សន៍ក្នុងន័យរឹតត្បិត មិនបើកទូលាយទេ ហើយក៏មិនមានការរៀបចំឱ្យមានជំនាញ ឬក្រុមហ៊ុនជំនាញធ្វើជាភ្នាក់ងារលក់សិទ្ធិនេះដែរ។ នេះគឺជារបត់ថ្មី ហើយក៏ជាជោគជ័យមួយដែរ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កម្ពុជាបានដឹកនាំកែប្រែរបត់ចាស់ចេញមកដល់របត់ថ្មី ដើម្បីជំរុញការផ្សព្វផ្សាយឱ្យទូលំទូលាយ ហើយដល់ពេលដែលយើងត្រូវទទួលកម្រៃខ្លះ ពីការលក់សិទ្ធិទូរទស្សន៍ ដើម្បីជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងនាមជាម្ចាស់ផ្ទះ។ ទី៣-ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ គឺមានកាតព្វកិច្ចក្នុងការរៀបចំ ឱ្យប្រទេសដែលធ្វើម្ចាស់ផ្ទះបន្ទាប់៣ដង បើកាលណាយើងរៀបចំ៣ដង គេដាក់ឈ្មោះថា ជា “Chairman” ដែលទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួន។ ដូច្នេះយើងបានសម្រេច តាំងពីវៀតណាមមក បានបញ្ជាក់សារឡើងវិញ។ មានន័យថា កម្ពុជាបានធ្វើអះអាងម្ដងទៀតថា ប្រទេសទាំងអស់ទទួលស្គាល់ និងទទួលយកនូវរៀបចំប្រទេសបន្ដវេនរបស់កម្ពុជាទៅ
៣ដង ឬ ៣ស៊ីហ្គេមទៀត (៩ឆ្នាំទៀត) គឺមានឆ្នាំ២០២៥ ថៃ ឆ្នាំ២០២៧ ម៉ាឡេស៊ី និងឆ្នាំ២០២៩ សិង្ហបុរី។ «សំខាន់គឺ ៣ដងហ្នឹង តែគេអាចមើលឃើញ ប្រមើលទៅនៅឆ្នាំ២០៣១ទៀត ដែលខាងឡាវបានដាក់ពាក្យមកស្នើសុំធ្វើម្ចាស់ផ្ទះ។ ប្រទេសឡាវ ក៏អាចត្រូវបានចាត់ទុកថាជាអ្នកបន្ដពីអាណត្តិកម្ពុជាដែរ ។ ដូច្នេះឱ្យតែកម្ពុជារៀបចំបាន ៣ដងបន្ដវេននេះ គឺកម្ពុជាទទួលបានជោគជ័យក្នុ ងនាមភាពជាអ្នកដឹកនាំរបស់ខ្លួន »។ នេះជាចំណុចសំខាន់ៗ ដែលកម្ពុជាទទួលបានផ្លែផ្កាល្អ ហើយប្រទេសទាំងអស់ សប្បាយចិត្តជាមួយនឹងកម្ពុជា ។ គេផ្ដល់សេចក្ដីទុកចិត្ត និងរីករាយថា កម្ពុជាមានការត្រៀមលក្ខណៈបានល្អប្រសើរ បូករួមទាំងការទទួលបដិសណ្ឋារកិច្ចបានល្អក្នុងពេលប្រជុំ ហើយបណ្តាប្រទេសទាំងអស់សង្ឃឹមថា នៅថ្ងៃស៊ីហ្គេមខាងមុខ នឹងទទួលបាននូវភាពកក់ក្ដៅបន្ថែមទៀត។ ជារួម ឯកឧត្តម វ៉ាត់
ចំរើន បានអះអាងថា ទាំងអស់នេះយើងនឹងយកការសម្រេចនៅក្នុងកិច្ចប្រជុំនេះ ទៅធ្វើការសម្រេចជាឯកច្ឆន្ទចុងក្រោយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេល៣ថ្ងៃពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕ ដោយ ហេង ណាលីន រូបភាព ខឹម សុវណ្ណារ៉ា សម្រួលផ្សាយដោយ៖ dara
No comments